នារសៀលថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។មុនចាប់ផ្តើមអង្គប្រជុំ ក្នុងនាមមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក យឿង យ៉ា អនុប្រធានការិយាល័យ នៃជំនួយការអគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងកុមារា យិន ធនិន ត្រូវជាកូនប្រុសបង្កើត ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ។មានប្រសាសន៍បន្ថែមពីលើលទ្ធផលនិងទិសដៅការងារ ដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គប្រជុំថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានត្រៀមអ្នកបកប្រែភាសាបារាំង និងភាសាអង់គ្លេសជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងស្ថាប័ន។ ចំពោះមុខងារនីតិកម្ម ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមផ្តល់សេវាចំពោះការរៀបចំកិច្ចប្រជុំនានារបស់ព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខ។ ដោយឡែកចំពោះការរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំនាពេលខាងមុខ សូមក្រុមការងាររៀបចំឱ្យបានខ្លីជាងនេះ។ សម្រាប់កិច្ចការសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានបាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសឡាវ នៅខែធ្នូ ឆ្នាំ២០២៥នេះ។ចំពោះការងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានជម្រាបថា ឯកឧត្តមគ្រោងនឹងអញ្ជើញទៅចូលរួមវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសចិន និងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់អង្គភាពពាក់ព័ន្ធត្រៀមរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់អគ្គលេខាធិការរងព្រឹទ្ធសភាថ្មី នាពេលខាងមុខនេះ។ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនស្ថាប័ន ដោយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដែលជាផលប្រយោជន៍សម្រាប់ស្ថាប័នព្រឹទ្ធសភា និងប្រជាជាតិ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន